តោះដើរលេង! -The Philippines- ភីលីពីន

December 29, 2016

បញ្ជាក់ ៖ អត្ថបទនេះ​ គ្រាន់​ជា​ការ​ចែក​រំលែកបទពិសោធន៍​ផ្ទាល់​ខ្លួន​មួយ​ចំនួន​​ប៉ុណ្ណោះ!

 

 

 

តាម​ធម្មតា​បើ​គេ​និយាយអំ​ពី​ដំណើរ​កំសាន្ត​ទៅ​ប្រទេស​ភីលីពីន គេ​ច្រើន​នឹក​ឃើញ​ទៅ​ដល់​ខ្សាច់ដ៏ស្រស់​ស្អាត សមុទ្រ​ខៀវ​ថ្លា និង​ធម្មជាតិ​ដ៏​រស់​រវើក​ តែ​សម្រាប់​ខ្ញុំ​ ការ​ទៅ​ទស្សនា​តំបន់​វប្បធម៌ ប្រវត្តិសាស្ត្រ និង​ដើរ​មើល​តថភាព​សង្គម​ ជា​ចំណង់​ចំណូល​ចិត្ត​របស់​ខ្ញុំ​នៅ​ទី​នោះ​ទៅ​វិញ ។ ខាង​ក្រោម​នេះ ខ្ញុំ​នឹង​បង្ហាញ​ពី​បទពិសោធន៍​តិច​តួច​របស់​ខ្ញុំ​ដែល​បាន​ទៅ​ទី​នោះ​ម្នាក់​ឯង ទោះ​បី​ជា​ដំណើរ​កំសាន្ត​របស់​ខ្ញុំ​នៅ​តែ​ទី​ក្រុងម៉ានីល​ និង​ខេត្ត​ជិត​ៗ​នោះ មិន​បាន​ទៅ​រម្មណីយដ្ឋាន​សមុទ្រ​ស្អាត​ក៏​ពិត​មែន តែ​ខ្ញុំ​សង្ឃឹម​ថា អ្នក​នឹង​អាច​ទទួល​បាន​គន្លឹះ​ សម្រាប់​ធ្វើ​ដំណើរ​កំសាន្ត​ដោយ​ខ្លួន​ឯង​ និង​ដឹង​ពី​អ្វី​ដែល គួរ​ត្រៀម​ទុក​មុន ។

 

១. រៀប​គម្រោងទិញ​សំបុត្រ​បាន​ថោក

មាន​តែ ក្រុម​ហ៊ុន​ Cebu Pacific air មួយ​ប៉ុណ្ណោះ​ដែល​អាច​នាំ​យើង​ទៅ​ដល់​ទី​ក្រុង​ម៉ានីល​ ដោយ​យន្តហោះ​មិន​ត​ជើង​នៅ​ក្រៅ​ប្រទេស តែ​អ្នក​ត្រូវ​ទៅ​ជិះ​យន្តហោះ​នេះ​នៅ​សៀមរាប ។ ខ្ញុំ​បាន​កក់​សំបុត្រ​មុន​ជិត​មួយ​ឆ្នាំ តម្លៃ​ប្រមាណ​ ៩០ ដុល្លារ សម្រាប់​ទៅ​មក ពី​សៀមរាប​ ទៅ​ម៉ានីល ហើយ​ទិញ​សំបុត្រ​យន្ត​ហោះ​ពី​ភ្នំពេញ​ទៅ​សៀម​រាប​ ប្រមាណ​ ៥០ ដុល្លារ​ទៀត ដូច​នេះ​សរុប​ទៅ​ប្រមាណ ១៤០​ដុល្លារ ។ អ្នក​អាច​ជិះ​ឡាន​ក្រុង​ពី​ភ្នំពេញ​ទៅ​សៀម​រាប​ក៏​បាន​អាច​ចំណេញ​ពេល តែ​ហត់​បន្តិច ហើយ​ខាត​ពេល​ទៀត ។ ប៉ុន្តែ​ដើម្បី​បាន​តម្លៃ​ដូច​ខាង​លើ ទាល់​តែ​គ្រោង​ជិត​មួយ​ឆ្នាំ​មុន ។ យ៉ាង​ណា​វិញ​ បើ​សិន​ជា​អ្នក​ចង់​ជិះ​ពី​ភ្នំពេញ​ ទៅ​កូឡាឡាំពួរ និង​ពី​កូឡាឡាំពួរ​ ទៅ​ម៉ានីល​ក៏​បានដែរ (តាម​ AirAsia) ដោយ​តម្លៃ​អាច​មាន​ពី ២០០ ទៅ ២៥០ ដុល្លា​រ​នៅ​ពេល​រដូវ​កាល​បញ្ចុះ​តម្លៃ ។ អ្នក​ក៏​អាច​ជិះ​ក្រុម​ហ៊ុន​ផ្សេងៗ​ទៀត​បាន​ដែរ​ ដោយ​តម្លៃ​នឹង​ថ្លៃជាង​នេះ ។

 

២. កក់​កន្លែង​គេង

កន្លែង​គេង​នៅ​ម៉ានីល មិន​ថ្លៃទេ​បើ​នៅ​ជាយ​ តែ​បើ​នៅ​ជិត​កណ្តាល​ក្រុង​វិញ គួរ​សម​ដែរហើយ ។ បន្ទប់​អាច​មាន​ពី ៣០ ទៅ​ ៤០ ដុល្លារ​សម្រាប់​គ្រែពីរ​ នៅ​ក្នុង​ក្រុង​ ហើយ​អាច​ថោក​ជាង​នេះ​បើ​ទៅ​ឆ្ងាយ ។ តែ​យល់​ល្អ​អ្នក​គួរ​ព្យាយាម​កក់​កន្លែង​នៅ​ក្នុង​ក្រុង​ល្អ​ជាង ព្រោះ​វា​សុវត្ថិភាព​ និង​ងាយ​ដើរលេង​ពេលយប់ ។

 

៣.​ដូរ​លុយ

 

អ្នក​មិន​បាច់​ដូរ​លុយ​នៅ​ខ្មែរ​ទេ ព្រោះ​ខាត​ខ្លាំង ចាំ​ទៅ​ដល់​ព្រលាន​ចាំ​ដូរ​ ឬ​ដូរ​ពី​ខ្មែរ​តែ​បន្តិច​បន្តួច​ទៅ​បាន​ហើយ ។

 

៤. ពេល​ទៅ​ដល់​ភ្លាម 

កំណត់​សម្គាល់​របស់​ខ្ញុំ​ដំបូង​គឺ​ពេល​ចេញ​ពី​ព្រលាន​យន្តហោះ ។ មាន​តាក់ស៊ី​ជា​ច្រើន​របស់​ព្រលាន​មក​សួរ​ហើយ​តម្លៃ​ថ្លៃ​កប់ ។ កុំ​តែខ្ញុំ បាន​ search អ៊ីនធើណែត​បាន​ច្រើន​មុន​នឹង​ទៅ​កុំ​អី​ត្រូវ​គេ​កោរហើយ ។ 

ពេល​អ្នក​មក​ដល់​ព្រលាន​យន្តហោះ​ភ្លាម អ្នក​គួរ​តែ​រក​ផ្លាក​ក្រុម​ហ៊ុន​តាក់ស៊ី​​ឈ្មោះ Grap Taxi ព្រោះ​គេ​នឹង​គិត​តាម​គីឡូមែត្រ ហើយ​តម្លៃ​ថោក​ជាង​តាក់ស៊ី​ព្រលាន​ស្ទើរគុណ​នឹង​ ១០ ។ អ្នក​គួរ​ Download កម្មវិធី​ Grap Taxi នឹង​ទុក​សម្រាប់​ការ​កុម្ម៉ង់​តាក់​ស៊ី​ក៏​បាន​មុន​នឹង​ទៅ​ប្រទេស​ភីលីពីន ។ 

 

៥. ប្រជាជន

ពី​ដំបូង​ខ្ញុំ​គិត​ថា​ប្រហែល​ប្រជាជន​ភីលីពីន​ទាំងអស់​សុទ្ធ​តែ​ចេះ​អង់គ្លេស​ស្ទាត់​ជំនាញ​ណាស់​ ព្រោះ​គ្រូ​អង់គ្លេស​នៅ​ខ្មែរ​យើង​ ភាគ​ច្រើន​ជា​ជន​ជាតិ​ភីលីពីន តែ​ពេល​ទៅ​ដល់អ្នក​បើ​តាក់ស៊ី​ភាគច្រើន​មិន​សូវ​ចេះ​អង់គ្លេសទេ ។ នៅ​តាម​ផ្លូវ​ក៏​ពិបាក​ដែរ ពេល​ខ្លះ​សួរ​គេ​សួរ​ឯងទៅ​ មិន​មែន​គ្រប់​គ្នា​ចេះ​អង់គ្លេស​ទេ តែ​បើ​សួរ​មួយ​មិន​ចេះ​ យើង​ទៅ​សួរ​មួយ​ទៀត​បាន ។​ 

 

៦.ម្ហូប 

ញាំ​បាន​ទាំង​អស់ តែហាង​កំរិតមធ្យម​ភាគ​ច្រើន​ មិន​សូវ​មាន​អនាម័យ​ទេ ទោះ​ជា​ KFC ក៏​មិន​សូវ​មាន​អនាម័យ​ដែរ និយាយ​រួម​រឿង​អនាម័យ​រាង​អន់​បន្តិច ។

 

៨. កន្លែង​ដើរលេង

តាម​ពិត​ទៅ​ដោយ​សារ​ពេល​វេលា និង​ថវិការ​ពេល​នោះ​មិន​គ្រប់​គ្រាន់ ធ្វើ​អោយ​ខ្ញុំ​មិន​អាច​ដើរ​បាន​ច្រើន ។ ដូច​នេះ​ក៏​ដើរលេង​តែ​រមណីយដ្ឋាន​ប្រវត្តិសាស្រ្ត​ និង​ដើរ​លេង​តាម​ផ្សារ​នៅ​ទី​ក្រុង​ និង​ខេត្ត​ជិត​ៗ​ទេ ។ បើ​ចង់​ដឹង​ថា​ខ្ញុំ​ទៅ​ណា​ខ្លះនៅ​ទី​ក្រុង​ ចុច​ទីនេះ បូក​និង​ខេត្ត​ជិត​នោះ​បន្តិច​បន្តួច​តែ​ប៉ុណ្ណោះ ។ ការ​ធ្វើ​ដំណើរ​ក្នុង​ក្រុង​ស្ទើរ​ទាំង​ស្រុង​តាម​តាក់ស៊ី ព្រោះ​ថោកខ្លាំង​ហើយ​ងាយ​ស្រួល​កុម្ម៉ង​តាម​កម្មវិធីទូរសព្ទ ។ តែ​ខ្ញុំ​ក៏​បាន​សាក​ជិះ​គ្រប់​មធ្យោបាយ​ធ្វើ​ដំណើរ​នៅ​ទី​ក្រុង​របស់​គេ​ដែរ​ ដោយ​សារ​បាន​មិត្ត​ភក្តិ​ភីលីពីន​បាន​ជូន​ដើរ​មួយ​ថ្ងៃពេញ ព្រោះ​បើ​មិន​មាន​គាត់​ទេ ពិបាក​ជិះ​ឡាន Jeepney (ដូច​ឡាន​ក្រុង​) ណាស់ ។ យល់​ល្អ​គួរ​រក​មិត្ត​ភក្តិ​ភីលីពីន​ម្នាក់​ក៏​ម្យ៉ាង​ដែរ ។

 

ខ្ញុំ​គិត​ថា​មាន​កន្លែង​ជា​ច្រើន​ដែល​សំខាន់ៗ​ហើយ​ខ្ញុំ​មិន​បាន​ទៅ ប៉ុន្តែ​ថ្ងៃណាមួយ​ខ្ញុំ​នឹង​អាច​ទៅ​ម្តង​ទៀត​ដើរ​អោយ​សព្វ​ម្តង ព្រោះ​មិន​ទាន់​ស្គាល់​រស់​ជាតិ​សមុទ្រ​ភីលីពីនដ៏​ល្បី​ល្បាញ​នៅ​ Cebu ​ទេ ។ បើ​មាន​អ្នក​ណា​ចង់​ទៅ​ដែរ ឬ​បើ​មាន​ចម្ងល់​ និង​ចង់​ផ្តល់​ជា​មតិ​អ្វី​អាច​ អ៊ីម៊ែល​មក​ខ្ញុំ​តាម​រយៈ bori@borivakorn.com បាន​គ្រប់​ពេល​វេលា!

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

Please reload

Featured Posts

គួរ​ជ្រើស​រើស​វាំងនន​ពណ៌​អ្វី?(ត) What Color of curtain I should choose? (Continue)

April 10, 2016

1/4
Please reload

Recent Posts
Please reload

Archive
Please reload

Search By Tags
Please reload

Follow Us
  • Facebook Basic Square
  • Twitter Basic Square
  • Google+ Basic Square