តោះដើរលេង! -The Philippines- ភីលីពីន
បញ្ជាក់ ៖ អត្ថបទនេះ គ្រាន់ជាការចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនមួយចំនួនប៉ុណ្ណោះ!

តាមធម្មតាបើគេនិយាយអំពីដំណើរកំសាន្តទៅប្រទេសភីលីពីន គេច្រើននឹកឃើញទៅដល់ខ្សាច់ដ៏ស្រស់ស្អាត សមុទ្រខៀវថ្លា និងធម្មជាតិដ៏រស់រវើក តែសម្រាប់ខ្ញុំ ការទៅទស្សនាតំបន់វប្បធម៌ ប្រវត្តិសាស្ត្រ និងដើរមើលតថភាពសង្គម ជាចំណង់ចំណូលចិត្តរបស់ខ្ញុំនៅទីនោះទៅវិញ ។ ខាងក្រោមនេះ ខ្ញុំនឹងបង្ហាញពីបទពិសោធន៍តិចតួចរបស់ខ្ញុំដែលបានទៅទីនោះម្នាក់ឯង ទោះបីជាដំណើរកំសាន្តរបស់ខ្ញុំនៅតែទីក្រុងម៉ានីល និងខេត្តជិតៗនោះ មិនបានទៅរម្មណីយដ្ឋានសមុទ្រស្អាតក៏ពិតមែន តែខ្ញុំសង្ឃឹមថា អ្នកនឹងអាចទទួលបានគន្លឹះ សម្រាប់ធ្វើដំណើរកំសាន្តដោយខ្លួនឯង និងដឹងពីអ្វីដែល គួរត្រៀមទុកមុន ។
១. រៀបគម្រោងទិញសំបុត្របានថោក
មានតែ ក្រុមហ៊ុន Cebu Pacific air មួយប៉ុណ្ណោះដែលអាចនាំយើងទៅដល់ទីក្រុងម៉ានីល ដោយយន្តហោះមិនតជើងនៅក្រៅប្រទេស តែអ្នកត្រូវទៅជិះយន្តហោះនេះនៅសៀមរាប ។ ខ្ញុំបានកក់សំបុត្រមុនជិតមួយឆ្នាំ តម្លៃប្រមាណ ៩០ ដុល្លារ សម្រាប់ទៅមក ពីសៀមរាប ទៅម៉ានីល ហើយទិញសំបុត្រយន្តហោះពីភ្នំពេញទៅសៀមរាប ប្រមាណ ៥០ ដុល្លារទៀត ដូចនេះសរុបទៅប្រមាណ ១៤០ដុល្លារ ។ អ្នកអាចជិះឡានក្រុងពីភ្នំពេញទៅសៀមរាបក៏បានអាចចំណេញពេល តែហត់បន្តិច ហើយខាតពេលទៀត ។ ប៉ុន្តែដើម្បីបានតម្លៃដូចខាងលើ ទាល់តែគ្រោងជិតមួយឆ្នាំមុន ។ យ៉ាងណាវិញ បើសិនជាអ្នកចង់ជិះពីភ្នំពេញ ទៅកូឡាឡាំពួរ និងពីកូឡាឡាំពួរ ទៅម៉ានីលក៏បានដែរ (តាម AirAsia) ដោយតម្លៃអាចមានពី ២០០ ទៅ ២៥០ ដុល្លារនៅពេលរដូវកាលបញ្ចុះតម្លៃ ។ អ្នកក៏អាចជិះក្រុមហ៊ុនផ្សេងៗទៀតបានដែរ ដោយតម្លៃនឹងថ្លៃជាងនេះ ។
២. កក់កន្លែងគេង
កន្លែងគេងនៅម៉ានីល មិនថ្លៃទេបើនៅជាយ តែបើនៅជិតកណ្តាលក្រុងវិញ គួរសមដែរហើយ ។ បន្ទប់អាចមានពី ៣០ ទៅ ៤០ ដុល្លារសម្រាប់គ្រែពីរ នៅក្នុងក្រុង ហើយអាចថោកជាងនេះបើទៅឆ្ងាយ ។ តែយល់ល្អអ្នកគួរព្យាយាមកក់កន្លែងនៅក្នុងក្រុងល្អជាង ព្រោះវាសុវត្ថិភាព និងងាយដើរលេងពេលយប់ ។
៣.ដូរលុយ
អ្នកមិនបាច់ដូរលុយនៅខ្មែរទេ ព្រោះខាតខ្លាំង ចាំទៅដល់ព្រលានចាំដូរ ឬដូរពីខ្មែរតែបន្តិចបន្តួចទៅបានហើយ ។
៤. ពេលទៅដល់ភ្លាម
កំណត់សម្គាល់របស់ខ្ញុំដំបូងគឺពេលចេញពីព្រលានយន្តហោះ ។ មានតាក់ស៊ីជាច្រើនរបស់ព្រលានមកសួរហើយតម្លៃថ្លៃកប់ ។ កុំតែខ្ញុំ បាន search អ៊ីនធើណែតបានច្រើនមុននឹងទៅកុំអីត្រូវគេកោរហើយ ។
ពេលអ្នកមកដល់ព្រលានយន្តហោះភ្លាម អ្នកគួរតែរកផ្លាកក្រុមហ៊ុនតាក់ស៊ីឈ្មោះ Grap Taxi ព្រោះគេនឹងគិតតាមគីឡូមែត្រ ហើយតម្លៃថោកជាងតាក់ស៊ីព្រលានស្ទើរគុណនឹង ១០ ។ អ្នកគួរ Download កម្មវិធី Grap Taxi នឹងទុកសម្រាប់ការកុម្ម៉ង់តាក់ស៊ីក៏បានមុននឹងទៅប្រទេសភីលីពីន ។
៥. ប្រជាជន
ពីដំបូងខ្ញុំគិតថាប្រហែលប្រជាជនភីលីពីនទាំងអស់សុទ្ធតែចេះអង់គ្លេសស្ទាត់ជំនាញណាស់ ព្រោះគ្រូអង់គ្លេសនៅខ្មែរយើង ភាគច្រើនជាជនជាតិភីលីពីន តែពេលទៅដល់អ្នកបើតាក់ស៊ីភាគច្រើនមិនសូវចេះអង់គ្លេសទេ ។ នៅតាមផ្លូវក៏ពិបាកដែរ ពេលខ្លះសួរគេសួរឯងទៅ មិនមែនគ្រប់គ្នាចេះអង់គ្លេសទេ តែបើសួរមួយមិនចេះ យើងទៅសួរមួយទៀតបាន ។
៦.ម្ហូប
ញាំបានទាំងអស់ តែហាងកំរិតមធ្យមភាគច្រើន មិនសូវមានអនាម័យទេ ទោះជា KFC ក៏មិនសូវមានអនាម័យដែរ និយាយរួមរឿងអនាម័យរាងអន់បន្តិច ។
៨. កន្លែងដើរលេង
តាមពិតទៅដោយសារពេលវេលា និងថវិការពេលនោះមិនគ្រប់គ្រាន់ ធ្វើអោយខ្ញុំមិនអាចដើរបានច្រើន ។ ដូចនេះក៏ដើរលេងតែរមណីយដ្ឋានប្រវត្តិសាស្រ្ត និងដើរលេងតាមផ្សារនៅទីក្រុង និងខេត្តជិតៗទេ ។ បើចង់ដឹងថាខ្ញុំទៅណាខ្លះនៅទីក្រុង ចុចទីនេះ បូកនិងខេត្តជិតនោះបន្តិចបន្តួចតែប៉ុណ្ណោះ ។ ការធ្វើដំណើរក្នុងក្រុងស្ទើរទាំងស្រុងតាមតាក់ស៊ី ព្រោះថោកខ្លាំងហើយងាយស្រួលកុម្ម៉ងតាមកម្មវិធីទូរសព្ទ ។ តែខ្ញុំក៏បានសាកជិះគ្រប់មធ្យោបាយធ្វើដំណើរនៅទីក្រុងរបស់គេដែរ ដោយសារបានមិត្តភក្តិភីលីពីនបានជូនដើរមួយថ្ងៃពេញ ព្រោះបើមិនមានគាត់ទេ ពិបាកជិះឡាន Jeepney (ដូចឡានក្រុង) ណាស់ ។ យល់ល្អគួររកមិត្តភក្តិភីលីពីនម្នាក់ក៏ម្យ៉ាងដែរ ។
ខ្ញុំគិតថាមានកន្លែងជាច្រើនដែលសំខាន់ៗហើយខ្ញុំមិនបានទៅ ប៉ុន្តែថ្ងៃណាមួយខ្ញុំនឹងអាចទៅម្តងទៀតដើរអោយសព្វម្តង ព្រោះមិនទាន់ស្គាល់រស់ជាតិសមុទ្រភីលីពីនដ៏ល្បីល្បាញនៅ Cebu ទេ ។ បើមានអ្នកណាចង់ទៅដែរ ឬបើមានចម្ងល់ និងចង់ផ្តល់ជាមតិអ្វីអាច អ៊ីម៊ែលមកខ្ញុំតាមរយៈ bori@borivakorn.com បានគ្រប់ពេលវេលា!